ជំនួបពិភាក្សារវាងក្រុមផលិតបន្លែ០៣ក្រុមជាមួយនឹងឈ្មួញប្រមូលទិញបន្លែមកពីផ្សារអាហ្គ្រីអន នៅខេត្តកំពង់ធំ

News

(កំពង់ធំ)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារគម្រោងអេមស៍(AIMS) នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ដែលដឹកនាំដោយលោក ហៀវ វណ្ណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានសម្របសម្រួលរៀបចំកិច្ចប្រជុំវេទិកាពហុភាគីពាក់ព័ន្ធ ដោយផ្តោតលើការចរចារតម្លៃរវាងតំណាងក្រុមផលិតបន្លែចំនួន ០៣ក្រុម (ក្រុមផលិតបន្លែភូមិល្វាជោម ក្រុមផលិតបន្លែភូមិសំរោង និងក្រុមផលិតបន្លែភូមិគោកងួន) ជាមួយតំណាងឈ្មួញអ្នកទិញបន្លែមកពីផ្សារអាហ្គ្រីអន (ផ្សារទិញ-លក់ និងផ្គត់ផ្គង់បន្លែនៅរាជធានីភ្នំពេញ) ដែលប្រព្រឹត្តនៅភូមិល្វាជោម ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ដែលមានអនកចូលរួមសរុប ៣២នាក់។

តំណាងផ្សារអាហ្គ្រីអន បានលើកឡើងពីប្រភេទបន្លែដែលត្រូវទទួលទិញពីក្រុមផលិតដោយមិនមានការបែងចែកជាប្រភេទ បន្លែស្លឹក ឬបន្លែផ្លែនោះទេ ដែលត្រូវប្រមូលទិញប្រចាំថ្ងៃក្នុងបរិមាណចាប់ពី ២តោន ទៅ ៣តោនក្នុងមួយថ្ងៃ ទៅតាមលទ្ធភាពផ្គត់ផ្គង់ ជាក់ស្តែងរបស់ក្រុមផលិតទាំង ៦នៃចង្កោមផលិតបន្លែឃុំត្រពាំងឬស្សី។

តំណាងផ្សារអាហ្គ្រីអន បាននិយាយបន្ថែមថា ចំពោះតម្លៃបន្លែគឺខាងក្រុមហ៊ុនដោយសុំទិញកំណត់ជាតម្លៃថេរ (ទាំងប្រភេទបន្លែស្លឹក និងបន្លែផ្លែ) ដោយឡែក ចំពោះការវេចខ្ចប់ និងការរៀបចំបន្លែគឺជាការទទួលខុសត្រូវរបស់ខាងក្រុមហ៊ុន។

កសិករក្រុមផលិត បានស្នើសុំឱ្យមានការបែងចែកការទិញបន្លែជា ០២ ប្រភេទគឺ ការទិញជាប្រភេទបន្លែផ្លែ និងការទិញជាប្រភេទបន្លែស្លឹក។ ចំពោះបរិមាណផ្គត់ផ្គង់ តំណាងក្រុមនីមួយៗ នឹងអាចជួយកៀងគរប្រមូលជូនខាងក្រុមហ៊ុនជារៀងរាល់ថ្ងៃទៅតាមបរិមាណដែលបានកំណត់។ ភាគីក្រុមផលិតបន្លែទាំងបី និងផ្សារអាហ្គ្រីអន នឹងជួបគ្នាម្ដងទៀតដើម្បីពិភាក្សារឿងតម្លៃនៃបន្លែទាំងពីរប្រភេទខាងលើ។