ការចែករំលែកចំណេះដឹងពីការសរសេរអត្ថបទ​ ថតរូបនិងផលិតខ្សែវិដេរអូខ្លីៗ​ សម្រាប់គម្រោងAIMS និងកម្មវិធីASPIRE​ នៅរតនគិរី​ ដេីម្បីធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធិភាពនិងប្រសិទ្ធផល

News
(រតនគិរី)៖ ក្រោមកិច្ចសហការរួមគ្នា គម្រោងអេមស៍(AIMS) ដែលដឹកនាំអនុវត្តដោយក្រសួងពាណិជ្ជកម្ម និងកម្មវិធីអាស៉្បាយ(ASPIRE)របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធិភាពនិងប្រសិទ្ធផល ដោយបើកវគ្គចែករំលែកចំណេះដឹងលើ «ការគ្រប់គ្រងចំណេះដឹង និងសារគមនាគមន៍» ទៅដល់ក្រុមការងារអនុវត្តផ្ទាល់នៅបណ្ដាខេត្តគោលដៅមកពីស្ថាប័នទាំងពីរ ដែលរួមមានមន្ត្រីបង្គោលនិងទីប្រឹក្សាសរុបចំនួន ៣៨នាក់ ក្នុងនោះមានសិក្ខាកាមជានារីចំនួន ៧នាក់។
វគ្គចែករំលែកចំណេះដឹងនេះ មានរយ:ពេលពីរថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃ១៨ ដល់ថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ដែលមានការអញ្ជើញចូលរួមបើកកម្មវិធីពីសំណាក់លោក លឹម ច័ន្ទសុភ័ក្ត្រ នាយករងគម្រោងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ទទួលបន្ទុកការិយាល័យមណ្ឌលភូមិភាគបូព៌ានិងឦសាន លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី មន្ត្រីអនុវត្តគម្រោងអេមស៍ មន្ត្រីអនុវត្តកម្មវិធីអាស្ប៉ាយ ទីប្រឹក្សាគម្រោងអេមស៍ ទីប្រឹក្សាកម្មវិធីអាស្ប៉ាយ ក្រុមការងារសម្របសម្រួលប្រមូលផ្ដុំអាជីវករ-កសិករ។
លោកនាយករងគម្រោង មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹងធ្វើឡើងដើម្បីឱ្យលោក លោកស្រី មន្រ្តី និងទីប្រឹក្សា មានមូលដ្ឋានគ្រឹះសរសេរព័ត៌មាន ករណីសិក្សា ការថតរូបភាព និងវីដេអូ ម្យ៉ាងវិញទៀត វាជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំង នូវសកម្មភាពដែលគម្រោង AIMS និងកម្មវិធី ASPIRE បានអនុវត្តកន្លងមក ហើយត្រូវផ្សព្វផ្សាយជូនដល់ទស្សនិកជន និងម្ចាស់ជំនួយ ដឹងពីសកម្មភាពរបស់គម្រោង និងកម្មវិធីផងដែរ។
លោកនាយករងគម្រោង បានស្នើសុំឱ្យក្រុមការងារគម្រោង AIMS និងកម្មវិធី ASPIRE បន្តសហការគ្នាអនុវត្ត Programmatic Approach ឱ្យកាន់តែល្អប្រសើរជាមួយតទៅទៀត និងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង មានការពិភាក្សាគ្នា និងទទួលបានផ្លែផ្កា ព្រមទាំងចែករំលែកចំណេះដឹងទាំងនេះបន្តទៅដល់ក្រុមការងារសម្របសម្រួលប្រមូលផ្ដុំអាជីវករ-កសិករ (SM)ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ និងមន្រ្តីមន្ទីរដើម្បីអនុវត្តនៅខេត្តគោលដៅផងដែរ។
គូសបញ្ជាក់ថា វគ្គចែករំលែកចំណេះដឹងនេះ ផ្ដល់ឱកាសដល់សិក្ខាកាម ឱ្យស្វែងយល់កាន់តែច្បាស់នូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈការចុះសម្ភាសកសិករទទួលផលនៅតំបន់គោលដៅរួមគ្នា និងសាកល្បងសរសេរ បទយកការណ៍ និងផលិតជាវីដេអូខ្លីៗ ដោយបែងចែកជាបីក្រុមតូចៗ ។ សមិទ្ធផលផលិតបានភ្លាមៗនេះ បានដាក់បង្ហាញ ក្រុមការងារ និងជជែករួមគ្នាលើចំណុចល្អ និងចំណុចខ្វះខាតដើម្បីយល់ដឹង និងកែលម្អសម្រាប់​ជាគំរូ​ដើម្បី​​ធ្វើការ​ផលិតឲ្យមាន​ភាព​ប្រសើរ​នា​ពេល​ក្រោយៗទៀត៕