សមិទ្ធផលធំមួយទៀតរបស់គម្រោងដែលរកទីផ្សារជូនកសិករ ដោយតភ្ជាប់ក្រុមកសិករផលិត មកក្រុមហ៊ុនប្រមូលទិញ និងបន្តភ្ជាប់ជាមួយរោងចក្រកែច្នៃចំណីអាហារ

News
(សៀមរាប)៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារកសិផលនិងចំណីអាហារ (FOOD AND AGRICULTURE MARKET) និងក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (LYLY FOOD INDUSTRY CO., LTD.) ស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប។ ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការ លោកនាយកគម្រោងអេមស៍ អភិបាលរងខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប លោកជំទាវឧកញ៉ា កែវ មុំ អភិបាលក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី លោក សាំង ស៊ីវញ៉ែម អគ្គនាយកក្រុមហ៊ុនផ្សារកសិផល និងចំណីរអាហារ និងឯកឧត្តម លោក លោកស្រី នាងកញ្ញា ផលិតករ និងអាជីវករជាច្រើនរូប។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានជំរុញផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករផលិតរបស់យើង ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ «កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផលដែលកសិករផលិតបានមិនប្រាកដប្រជា។
ក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការផលិតនិងទីផ្សារ។» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅលើទឹកដីសៀមរាបអង្គរនាពេលនេះ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសដ៏មហាឡោរិកនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរ ត្រូវរក្សាឱ្យបានទាំងបរិមាណនិងគុណភាព និងសហការឱ្យបានល្អ ដើម្បីធានាដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែឱ្យរលូន និងមាននិរន្តរភាព។ ចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងក្នុងដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញ។ ពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រដល់ផលិតផល ដែលកសិករផលិតបាន និងជំរុញការផលិតឱ្យមានគុណភាព និងសុវត្ថិភាព។
គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)ខេត្តសៀមរាប បាននិងកំពុងអនុវត្តនៅស្រុកចំនួន០៨ ដែលមានកសិករផលិតចំនួន ១៥០ក្រុម។ គម្រោងបានធ្វើការតភ្ជាប់រវាងក្រុមផលិតទៅកាន់ទីផ្សារតាមរយៈអ្នកប្រមូលទិញក្នុងតំបន់ ផ្សារទំនើប និងការបង្កើតឱ្យមានទីតាំងលក់បន្លែផ្សារចុងសប្តាហ៍ ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងសហការពីសភាពាណិជ្ជកម្ម មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងដៃគូរពាក់ព័ន្ធ។ ស្របជាមួយកិច្ចសហការនេះ ផ្សារកសិផលនិងចំណីអាហារ ជាអង្គភាពមួយដែលបង្កើតឡើងពីសមាជិកនៃសមាគមសហគ្រិនវ័យក្មេង ជាដៃគូរមួយដ៏សំខាន់មួយដែលបានធ្វើការបញ្ជាទិញផលិតផលពីកសិកររបស់គម្រោងAIMS លើផលិតផលបន្លែនិងមាន់ស្រែ។ ដើម្បីស្វែងរកទីផ្សារបន្ថែមទៀតដើម្បីជួយដល់ក្រុមផលិតដែលមានសក្តានុពល ក្រុមការងារគម្រោងAIMS ពិភាក្សាជាមួយក្រុមហ៊ុន លីលី ហ៊្វូដអ៊ិនដាសទ្រី ដែលមានបំណងស្វែងរកការផ្គត់ផ្គង់ផលិតផលកសិពាណិជ្ជកម្មសម្រាប់បំរើឱ្យការកែច្នៃរបស់ខ្លួន។ គម្រោងបានតភ្ជាប់ក្រុមហ៊ុន លីលី ជាមួយផ្សារកសិផលនិងចំណីអាហារ សម្រាប់ផ្គត់ផ្គង់បន្លែក្នុងបរិមាណមួយទៀងទាត់។ ផលិតផលមួយចំនួនដែលក្រុមហ៊ុនមានតម្រូវការនឹងបានសាកល្បងដាំរួចហើយរួមមាន ផ្លែល្ពៅនិងត្រលាចនៅតាមក្រុមផលិតនៅតាមក្រុមផលិត ដោយឡែកផលិតផលសណ្តែកគួរនិងពោតបារាំង និងបន្តធ្វើការសាកល្បងនៅពេលបន្តបន្ទាប់គ្នា។ ចំពោះផ្លែល្ពៅនិងត្រឡាច គឺក្រុមហ៊ុនមានតម្រូវការប្រមាណជា០២តោន ក្នុង០១ថ្ងៃ ជាមួយការផ្តល់តម្លៃសមរម្យដែលកសិករអាចទទួលយកបាន។